ជ្រើសរើសភាសា: Khmer Khmer English English
ក្រុមហ៊ុន Yuanda Group បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការស្វែង​រកឱកាស​វិនិយោគ​លើវិស័យ​អប់រំ កសិកម្ម និង​បច្ចេកវិទ្យា​ឌីជីថល​នៅកម្ពុជា
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦

    នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស​នៃការអញ្ជើញ​បំពេញ​ទស្សន​កិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី​បញ្ញាសិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦
    
    ក្នុងឱកាសនៃ ជំនួប, លោកនាយកក្រុមហ៊ុន បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី​អំពីប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដោយ​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន មាន​ភាព​ជា​ដៃគូ​រយៈ​ពេលវែង​ជាមួយ​ភ្នាក់ងារ​រាជរដ្ឋាភិបាល,​ សហគ្រាសរដ្ឋ ក៏​ដូចជា​បណ្ដា​សាកលវិទ្យាល័យ​នានា ទាំង​នៅក្នុង​ប្រទេសចិន និង​នៅ​ក្រៅប្រទេស។ បច្ចុប្បន្ន, ក្រុមហ៊ុន​កំពុង​ផ្ដោតការ​យកចិត្ត​ទុកដាក់​លើការវិនិយោគ​ក្នុងវិស័យ​សំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថលលោកនាយក​ក្រុមហ៊ុន ក៏បានគូស​បញ្ជាក់​បន្ថែមថា ដោយ​សម្លឹងឃើញ​ពីសក្ដានុពល​នៃការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​របស់​កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍​ក្នុង​ការស្វែង​រក​ឱកាស​វិនិយោគនៅក្នុងប្រទេសកម្ពុជា លើ​វិស័យ​អប់រំ, កសិកម្ម និង​បច្ចេកវិទ្យា​ឌីជីថល។

    ជាការឆ្លើយតប, សម្ដេចធិបតី​បានសម្ដែង​នូវការស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ក្នុង​ការស្វែង​រកឱកាស​វិនិយោគ​លើវិស័យ​សក្ដានុពល​នៅកម្ពុជា។ សម្ដេចធិបតី​បានគូស​បញ្ជាក់ផងដែរ​ថា វិស័យទាំង៣នេះ ដែល​រួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យ​អាទិភាព​ដែលរាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់ខ្ពស់ និង​បានដាក់ចេញ​នូវគោល​នយោបាយ ព្រមទាំង​យន្តការចាំ​បាច់​នានា ដើម្បី​គាំទ្រដល់​ការអភិវឌ្ឍ​វិស័យ​ទាំងនេះ​ឱ្យកាន់​តែរី​កចម្រើន។

    សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ព្រមទាំង​បន្តផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​លម្អិត​ជាមួយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក និង​ចាប់យក​ឱកាស​វិនិយោគ​ជាក់ស្តែង​នៅកម្ពុជា៕

ព័ត៌មានទាក់ទង